ស៊ែរចេញ ផ្ទះមានហុងស៊ុយគួរមិនមានវត្ថុទាំងអស់នេះ – Kalib9 គំនិត | Kalib9
kalib9

ស៊ែរចេញ ផ្ទះមានហុងស៊ុយគួរមិនមានវត្ថុទាំងអស់នេះ

នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ របស់របរប្រើប្រាស់ ដែលដាក់នៅក្នុងផ្ទះ គឺមានច្រើនមែនទែនសម្រាប់ប្រើប្រាស់ ឫក៏ការដាក់តាំង គ្រឿងសង្ហារឹមជាច្រើន លើសពីនេះទៅទៀត ប្រិយមិត្តជាច្រើនខ្លះក៏បានដឹងរឿងមួយចំនួននូវការប្រើប្រាស់ទុកដាក់របស់ផ្សេងៗ ឲ្យមានហុងស៊ុយចូលក្នុងផ្ទះ។

តាមរយៈជំនឿមួយចំនួននៅក្នុងប្រទេសខ្មែរយើងនេះឃើញថា ក៏មានច្រើនទាក់ទងទៅនឹងរឿងជាច្រើន មិនថានៅក្នុងរបស់របរប្រើប្រាស់ជាប្រចាំ និងនៅខាងក្នុងឫក្រៅផ្ទះនោះទេ ព្រោះថាការដែលបានរៀបចំទុកដាក់ ឲ្យមានរបៀបរៀបរយ វាក៏អាចនាំឲ្យយើង រកកាន់សុភមង្គល និងអាចមានរឿងល្អៗជាច្រើនចូលផ្ទះនោះដែរ។

ដោយឡែក បើសិនជានៅក្នុងផ្ទះមួយ តែងតែប្រើប្រាស់របស់របរដែលបានបាក់បែក ពេលខ្លះ ក៏អាចធ្វើឲ្យយើងជួបបញ្ហានៅក្នុងគ្រួសារ ការបាក់បែកគ្នាផងដែរ ទាំងនេះបើតាមអបិយជំនឿមួយចំនួននៅក្នុងប្រទេសខ្មែរ និងប្រទេសដទៃទៀត។

យ៉ាងណាមិញ អ្នកខ្លះទៀតក៏មិនសូវជាជឿពីរឿងទាំងនេះដែល ព្រោះថាសុភមង្គលរបស់យើងគឺអាស្រ័យទៅលើខ្លួនយើងជាអ្នកប្រព្រឹត្តផ្ទាល់ ពេលខ្លះគេមិនសូវជាបានគិតពីរឿងទាំងនេះប៉ុន្មាននោះទេ។ ស្របពេលជាមួយគ្នានេះដែរ យើងក៏បាននាំប្រិយមិត្តទៅដឹងពីរបស់ប្រើប្រាស់មួយចំនួននៅក្នុងផ្ទះ ដែលអាចនាំឲ្យអ្នកនៅក្នុងផ្ទះជួបរឿងក្តៅក្រហាយ និងរស់នៅមិនចុះសម្រុងគ្នា ជាមួយអ្នកនៅក្នុងគ្រួសារ ដោយនៅក្នុងនោះមានដូចជា៖

១)នាឡិកាខូច ឫអស់ថ្ម៖

នាឡិកាប្រៀបបានទៅនឹងវត្ថុមួយដ៏មានតម្លៃ ដែលវាអាចឲ្យយើងដឹងច្បាស់ពីពេលវេលាណាដែលយើងគួរតែធ្វើអ្វីមួយ ការដែលដាក់នាឡិកាតាមខ្លួន និងនៅក្នុងផ្ទះ មិនត្រឹមតែសម្រាប់ឲ្យយើងមើលម៉ោង និង ដាក់តាំងលម្អតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយលើកហុងស៊ុយបានផងដែរ ប្រសិនបើយើងរកទីតាំងព្យួរឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ យើងគួរតែព្យួរនាឡិកាឲ្យបានត្រឹមត្រូវ នៅកន្លែងដែលល្អ តែយើងត្រូវជៀសឲ្យផុតពីកន្លែងជិតបន្ទប់ទឹក នៅខាងលើមាត់ទ្វា និង បង្អួច ព្រោះថា ការព្យួរនៅទីតាំងនេះនាំឲ្យហុងស៊ុយក្នុងផ្ទះរបស់យើងធ្លាក់ចុះយ៉ាងខ្លាំង។

តែសម្រាប់នាឡិកាខូច ដែលយើងនៅតែទុកវានៅក្នុងផ្ទះវិញ ដែលយើងមិនព្រមយក​វាទៅបោះចោលនេះ វាក៏អាចនាំឲ្យ បង្កជាភាពភ័យខ្លាចកើតឡើង វាក៏អាចនាំឲ្យយើងទទួលនូវភាពស៊យនៅក្នុងគ្រួសារ ដែលខ្លាំងមិនធម្មតានោះដែរ។ ប្រសិនបើនាឡិកាដែលអស់ថ្ម យើងគួរតែប្រញាប់ដាក់ថ្មថ្មីឡើងវិញ ព្រោះនាឡិកាមកដែលមិនដើរ(នាឡិកាងាប់ ឫអស់ថ្ម) នេះ វាតែងតែមិនបញ្ចេញសម្លេង ប្រៀបដូចជាដង្ហើមលេងដករាល់រហូតយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះវាក៏នាំឲ្យយើងជួបរឿងមិនល្អនៅក្នុងគ្រួសារផងដែរ។

២) កៅអីយោល៖

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយ និងបានឃើញនៅតាមរយៈខ្សែភាពយន្តជាច្រើន ជាពិសេសរឿងខ្មោច គឺតែងតែប្រើប្រាស់កៅអីនេះដើម្បីមកធ្វើការដាក់បន្លាចនៅក្នុងរឿង ស្របពេលជាមួយគ្នានេះដែរ វេបសាយមួយបាននិយាយថា កាលដែលទុកកៅអីយោងបែបនេះ នៅក្នុងផ្ទះក៏អាចនាំឲ្យយើងជួបរឿងមិនល្អនោះដែរ។

នៅក្នុងនោះដែរ គេក៏បាននិយាយយ៉ាងដូច្នោះថា កៅអីមួយនេះនៅពេលដែលដាក់នៅក្នុងផ្ទះគឺប្រៀបបានទៅនឹងការហៅព្រលឹង ខ្មោច ព្រាយផ្សេងមួយផ្ទះរបស់អ្នកព្រោះថាកៅអីមួយនេះ នៅពេលដែលអ្នក ទុកចោលវាតែងតែយោលតែឯងដោយគ្មានអ្នកណាម្នាក់មកធ្វើវា តែជំនឿមួយនេះអាចធ្វើឲ្យយើងខ្លាចទៅហើយ។

ជាមួយគ្នានេះ ការទុកកៅអីយោលនៅក្នុងផ្ទះបែបនេះ វាក៏ក្លាយទៅជារូបភាពដ៏គួរឲ្យភ័យខ្លាចមួយបាត់ទៅហើយ ជាពិសេសនៅពេលសមាជិកគ្រួសារនៅតែម្នាក់ឯងនៅពេលយប់ស្ងាត់ ហើយកៅអីនេះវាមានចលនាយោលដោយខ្លួនឯង នោះវាអាចជាសញ្ញាថា ក្នុងផ្ទះនោះមានព្រលឹង ទាំងនេះបើយោងតាមវេបសាយមួយបានបញ្ចេញពីជំនឿរបស់កៅអីមួយនេះ។

ដើមឈើ ក៏ដូចជារុក្ខជាតិមួយចំនួនក៏មានជីវិតដូចជាមនុស្សយើងដែល តែលុះត្រាតែយើងចេះថែរក្សា ស្រាចទឹកវាយ៉ាងដូច្នោះ ហើយវាក៏ប្រៀបបាននឹងមនុស្សដែលត្រូវការទឹក និងអាហារជាប្រចាំសម្រាប់ចិញ្ចឹមជីវិតដែរ។

រុក្ខជាតិមួយចំនួននៅពេលដែលគ្មានអ្នកណាមកស្រោចទឹក គឺវាអាចនឹងក្រៀមស្វិតស្រពោនបាត់បង់នូវសម្រស់របស់ផ្កា មិនត្រឹមតែប៉ុណ្ណោះ ក្រឡេកមើលទៅទិដ្ឋភាពនៅក្នុងផ្ទះវិញ ប្រៀបបានទៅនឹងផ្ទះដែលគ្មានមនុស្សថែរក្សា គ្រួសារអ្នកនៅក្នុងផ្ទះគ្មានសុភមង្គល មិនស្រស់ស្រាយយ៉ាងដូច្នោះ។

ដូច្នោះហើយអ្នកដែលមានការដាំផ្កាបែបនេះជាច្រើននៅក្នុងផ្ទះ គួរតែស្រោចទឹក និងមើលឲ្យបានល្អ ព្រោះថានៅពេលដែលសភាពផ្ទះហាក់ដូចជាក្រៀមស្វិតដូចជាផ្កា និងមិនដែលសម្អាតនោះ វាក៏អាចធ្វើឲ្យមានខ្មោចព្រាយ មកនៅផងដែរ។

៤) ប្រតិទិនចាស់៖

ជាការពិតណាស់ រាល់ពេលឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីម្តងៗ ប្រជាជនមួយចំនួនតែងតែផ្លាស់ប្តូររបស់របរដូចជាទិញសម្លៀកបំពាក់ថ្មីៗ តុបតែងផ្ទះឲ្យមើលទៅឃើញស្អាត និងមានសណ្តាប់ធ្នាប់។ ស្របពេលជាមួយគ្នានេះដែរ ប្រតិទិនដែលចាស់ក៏ជាមានជំនឿថានឹងឲ្យប្រមូលយកទៅបោះចោល និងផ្លាស់យកប្រតិទិនសម្រាប់ឆ្នាំថ្មីផងដែរ ដើម្បីឲ្យគ្រោះអាក្រក់នូវឆ្នាំចាស់ ចាកឆ្ងាយផុតពីខ្លួនយើងនៅក្នុងឆ្នាំថ្មីនេះដែរ។

លើសពីនេះទៅទៀតនោះគឺ កាលបរិច្ឆេទមួយឆ្នាំទៅមួយឆ្នាំ គឺតែងតែមានអត្ថន័យ ថ្ងៃជោគថ្ងៃជ័យ ថ្ងៃគ្រោះខុសៗគ្នា ដូចជាយើងគួរតែផ្លាស់ប្តូរវាដើម្បីមានលាភសំណាង។

៥) កញ្ចក់បែក៖

វត្ថុជាច្រើនដែលងាយបែក ហើយនៅពេលដែលទុកជាធ្វើឲ្យយើងជួបរឿងមិនល្អដែលដូចជាចានបាយ កែវទឹក ជាពិសេសនោះគឺកញ្ចក់តែម្តង។ជាការពិតណាស់ កញ្ចក់គឺជាវត្ថុមួយដែលងាយបែកបាក់ តែបើយកនៅតែយកវាទុកនៅក្នុងផ្ទះនោះវាក៏អាចនាំឲ្យយើង និងអ្នកនៅក្នុងគ្រួសារជួបរឿងអាក្រក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ការទុកកញ្ចក់បែក ជាពិសេសកញ្ចក់សម្រាប់ឆ្លុះមុខរាល់ថ្ងៃនៅក្នុងបន្ទប់គេងបែបនេះ វាជាសញ្ញាមិនល្អនោះទេ។ ព្រោះវាអាចផ្ដល់សំណាងមិនល្អ ឬគ្រោះថ្នាក់សម្រាប់អ្នកដែលឆ្លុះកញ្ចក់នោះ។

ដូច្នោះហើយនៅពេលដែលឃើញបែបនេះ ចូលកុំស្តាយ នូវរបស់ដែលបាក់បែកបែបនេះ ចូលអ្នកទាំងអស់គ្នាអាចបោះវាចោល ទិញរបស់ថ្មីដែលល្អមិនមានស្នាមបែកបែបនេះវិញ ដើម្បីឲ្យគ្រួសារជួបរឿងល្អៗ នៅក្នុងផ្ទះ ថែមទាំងមានសុភមង្គលជារៀងរហូតមិនជួបរឿងស៊យផ្សេងៗ។

៦) ការប្រើប្រាស់ជញ្ជាំងពណ៌បៃតង៖

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថាពណ៌បៃតង គឺជាពណ៌មួយដែលមើលទៅស្រស់ថ្លាបែបធម្មជាតិ និងមានមនុស្សជាច្រើនពេញចិត្តនិងស្រលាញ់ខ្លាំងរហូតយកពណ៌មួយនេះទៅលាបលើផ្ទះដែលខ្លូនរស់នៅជាប្រចាំផងដែរ។

តែនៅខាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកវិញ ត្រូវបានគេចាត់ទុកថាជាសំណាងមិនល្អដែលម្ចាស់ផ្ទះទាំងអស់បានលាបមានជញ្ជាំង មិនត្រឹមត្រឹមតែប៉ុណ្ណោះនោះទេ ការដែលលាបពណ៌បៃតងនេះក៏ប្រទេសទាំងពីរនេះបានហាម និងមានជំនឿថាមិនល្អទៅវិញ។ តែសម្រាប់នៅក្នុងប្រទេសយើងវិញ ក៏មិនទាន់ដឹងថាមានជំនឿបែបនេះ ឫទេព្រោះថាបច្ចុប្បន្ននេះ ប្រជាជនជាច្រើនប្រើប្រាស់ពណ៌មួយនេះសម្រាប់លាបហាង ក៏ដូចជាផ្ទះរស់នៅ ព្រោះថាពណ៌មួយនេះមើលទៅពិតជាស្រស់ស្អាត។

៧) អំបោសចាស់៖

ការទុកអំបោសចាស់ នៅក្នុងផ្ទះ ដូច្នោះតាមក្បួនហុងស៊ុយមួយចំនួនបាននិយាយថាវាអាចធ្វើឲ្យក្នុងផ្ទះរបស់អ្នក មិនសូវទទួលបាននូវលាភសំណាងបានច្រើនដូចមុន ដូច្នោះនូវពេលដែលឃើញអំបោសរបស់អ្នកវាចាស់នោះ គួរតែឈប់ប្រើវាជាការល្អ។

តែអ្វីដែលកាន់តែពិសេសនោះគឺ យកអំបោសចាស់បែបនេះ ទៅប្រើប្រាស់នៅក្នុងផ្ទះដែលយើងរស់នៅថ្មី និងទើបនឹងទិញ ព្រោះវាអាចមានអត្ថន័យថាយើងកំពុងតែ​បោសសម្អាត ចោលនូវលាភសំណាង នៅក្នុងផ្ទះថ្មីរបស់យើងនោះហើយ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចនាំឲ្យយើងជួបរឿងមិនល្អខ្លះដែរ។ យ៉ាងណាមិញ នៅពេលដែលទទួលបានរបស់ថ្មី កន្លែងរស់នៅថ្មីម្ចាស់ផ្ទះទាំងឡាយកុំយករបស់ចាស់ ដូចជាអំបោសមកបោសផ្ទះដូច្នោះ ដើម្បីចៀសវាងសំណាងមិនល្អចូលនៅក្នុងផ្ទះ។

៨) ការចិញ្ចឹមសត្វបក្សី (ចាប សេក) ដាក់ក្នុងទ្រុង៖

ជាការពិតណាស់ សូម្បីតែមនុស្សក៏មិនចង់នៅតែមួយកន្លែងដែលគ្មានសេរីភាពដែល ដូច្នោះហើយឃើញថាសត្វបក្សីមួយចំនួន ដែលមនុស្សភាគច្រើនបានយកមកចិញ្ចឹម គឺតែងតែដាក់វានៅក្នុងទ្រុងជានិច្ច ព្រោះសត្វប្រភេទនេះវាងាយនឹងហោះចេញបានយ៉ាងងាយបើយើងមិនដាក់វាក្នុងទ្រុង។

តែការដែលចិញ្ចឹមសត្វបែបនេះ ដាក់ក្នុងទុ្រងនៅក្នុងផ្ទះ វាក៏អាចឲ្យម្ចាស់ផ្ទះមួយចំនួនជួបរឿងស៊យបានដែរ។ ព្រោះថាវាក៏ទាក់ទងទៅនឹងរឿងបាបបុណ្យ ដូច្នោះហើយគួរតែកុំចិញ្ចឹមសត្វប្រភេទនេះនៅក្នុងផ្ទះតាមរយៈការដាក់វានៅក្នុងទ្រុងគ្រាន់តែមើលបែបនេះ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាង ដែលបានមកពីផលអាក្រក់នៃការចិញ្ចឹមបក្សីដាក់ក្នុងទ្រុងបែបនេះ គេក៏មានជំនឿមួយថា នៅពេលដែលសត្វនោះហោះចេញពីទ្រុងបាន តាមក្បួនហុងស៊ុយ គឺមិនសូវល្អប៉ុន្មាននោះទេ ព្រោះ គេជឿថាអាចនឹងមានសមាជិកនៃគ្រួសារត្រូវស្លាប់។

៩) របស់របរបាក់បែក៖

របស់ជាច្រើននៅក្នុងផ្ទះ មិនថាតូចធំ ថ្លៃឫថោក នៅពេលដែលបាត់បង់សម្រស់រូបរាងធាតុដើមរបស់វត្ថុមួយនោះ អ្នកគួរតែធ្វើការបោះវាចោលទៅ កុំស្តាយនូវរបស់បែបនេះព្រោះវានាំឲ្យមានរឿងអាក្រក់កើតនៅក្នុងផ្ទះ។ នៅក្នុងនោះដែរ មានដូចជាកែវ ចាន(សម្ភារៈនៅក្នុងផ្ទះបាយ) រូបថតដែលបានដាក់តាំងជាដើម នៅពេលដែលឃើញបែកបែបនេះ គួរតែកុំរៀប ឫក៏ជួសជុលវាឡើងវិញ ព្រោះថារបស់បែបនេះទោះជួសជុលបែបណាក្តី ក៏វានៅតែមិនអាចដូចដើមដែរ។ដូច្នោះហើយ ទើបគេមិនសូវទុកវានៅក្នុងផ្ទះយូរ ព្រោះតាមក្បួនហុងស៊ុយរបស់ចិន បានថាវាមិនល្អអាចនាំឲ្យបែកបាក់គ្នាក្នុងគ្រួសារ រកស៊ីមិនឡើងជាដើម។

១០) ការលាបទ្វារផ្ទះពណ៌ខ្មៅ៖

ជាការពិតពណ៌ខ្មៅ មានមនុស្សជាច្រើនបានពេញចិត្ត និងស្រលាញ់ តែវាក៏បានគេចាត់ទុកថាជាពណ៌ដែលមិនសូវល្អប៉ុន្មានដែរ ជាពិសេសនោះគឺវាមិនល្អត្រង់ដែល ជ្រើសរើសពណ៌មួយនេះម កលាបទ្វារផ្ទះដែលយើងចេញចូលរាល់ថ្ងៃ តាមវេបសាយមួយបាននិយាយថា នៅពេលដែលយកពណ៌នេះមកលាបទ្វារ វានឹងជួយនាំសំណាងអាក្រក់ចូលក្នុងផ្ទះបាន។

ប៉ុន្មានចំនុចខាងលើនេះ ក៏អាចធ្វើឲ្យផ្ទះរបស់លោកអ្នកជួបតែរឿងល្អ តាមរយៈការរៀបចំទុកដាក់នូវវត្ថុមួយចំនួន និងដំណមផ្សេងៗនៅក្នុងផ្ទះ។ យ៉ាងណាមិញ ជំនឿទាំងនេះក៏ត្រូវបានមនុស្សមួយចំនួន នៅតែធ្វើតាម និងជឿពីរឿងទាំងអស់នេះដដែល ក៏ប៉ុន្តែក៏មានអ្នកខ្លះមិនសូវជឿពីរឿងនេះដែរ ព្រោះថាមនុស្សម្នាក់ៗតែងតែមានទស្សនៈ និងការគិតផ្សេងៗគ្នា៕

ក្រោយពីបានអានប៉ុន្មានចំនុចខាងលើនេះរួច តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

error: Content is protected !!