ចំណីអាហារ ២០មុខ ដែលអ្នកមិនគួរដាក់ក្នុងទូទឹកកក – Kalib9 ចែកចាយ | Kalib9
kalib9

ចំណីអាហារ ២០មុខ ដែលអ្នកមិនគួរដាក់ក្នុងទូទឹកកក

នៅក្នុងសម័យបច្ចុប្បន្ននេះ ដើម្បីរក្សាគុណភាព និងបង្ការការខូចខាតចំណីអាហារ យើងចូលចិត្តយកវាទៅក្លាសេក្នុងទូទឹកកក។ ប៉ុន្តែពេលខ្លះ អ្នកមិនបានដឹងឡើយថា មានចំណីអាហារខ្លះបែរជាខូចគុណភាពទៅវិញពេលអ្នកយកវាទៅរក្សាទុកក្នុងទូទឹកកក។ តើមានចំណីអាហារអ្វីខ្លះទៅ ដែលអ្នកមិនគួរយកទៅក្លាសេ? តោះ ពិនិត្យមើលទាំងអស់គ្នា ៖

១. ផ្លែឪឡឹក

ជាធម្មតា បន្ទាប់ពីអ្នកកាត់ឪឡឹកហើយ អ្នកត្រូវញ៉ាំភ្លាមដោយមិនទុកអោយវាចូលខ្យល់ឡើយ ព្រោះបើអ្នកញ៉ាំឪឡឹកចូលខ្យល់ នឹងធ្វើអោយប៉ះពាល់ដល់សុខភាព​ ដូចជាចុកពោះ ឬរាគរូសជាដើម។ ដោយហេតុនេះហើយទើបអ្នកខ្លះយល់ថា ឪឡឹកនៅសល់ញ៉ាំមិនអស់ គួរតែរក្សាទុកក្នុងទូទឹកកក ដើម្បីកុំអោយខូចគុណភាពនៅពេលញ៉ាំលើកក្រោយ។ ប៉ុន្តែការធ្វើបែបនេះ មិនត្រឹមត្រូវនោះឡើយ ព្រោះឪឡឹកក្នុងទូទឹកកកនឹងផ្ទុកជាតិអង់ទីអុកស៊ីដង់ច្រើន ដែលអាចបឺតស្រូបរសជាតិពីអាហារផ្សេងៗទៀតដែលទុកក្នុងទូទឹកកកជាមួយគ្នា។ វិធីដ៏ល្អ គឺអ្នកត្រូវដាក់ឪឡឹកដែលញ៉ាំមិនអស់នោះក្នុងថង់ ឬគ្រប់អោយជិតកុំអោយចូលខ្យល់។

២. ទឹកឃ្មុំ

ប្រសិនបើអ្នកចូលចិត្តញ៉ាំទឹកឃ្មុំ គួរកុំទុកវាក្នុងទូទឹកកក ព្រោះភាពត្រជាក់នឹងធ្វើអោយទឹកឃ្មុំខាប់រហូតដល់កករឹងដូចថ្ម ដែលជាលទ្ធផលវាគ្មានគុណភាពល្អដូចទឹកឃ្មុំដើមទេ។

 ៣. កាហ្វេ

កាហ្វេ នឹងក្លាយទៅជាកកដុំៗ បើសិនជាអ្នករក្សាវាទុកក្នុងទូទឹកកក ហើយក្លិនរបស់វាក៏មិនសូវឈ្ងុយ រសជាតិក៏សូវមិនឆ្ងាញ់ដែរ។ វិធីល្អបំផុត គឺអ្នកត្រូវដាក់វាក្នុងកែវបិទជិត ទុកក្នុងទូផ្ទះបាយធម្មតា។

៤. ល្ពៅ

ពិតមែនហើយ ដែលល្ពៅត្រូវការភាពត្រជាក់ តែវាក៏ត្រូវការកន្លែងដែលស្ងួតដូចគ្នា។ ហេតុនេះហើយ ទូទឹកកកមិនមែនជាជម្រើសដ៏ល្អក្នុងការរក្សាគុណភាពល្ពៅនោះទេ។ អ្នកត្រូវដាក់ល្ពៅនៅក្នុងប្រអប់ក្រដាស (កម្រាលព្រំ ឬស៊ីម៉ង់ត៍អាចធ្វើអោយល្ពៅខូចដោយសំណើមផងដែរ) រួចទុកវានៅក្នុងផ្ទះបាយត្រង់កន្លែងដែលត្រជាក់។

៥. ខ្ទឹមបារាំង

ខ្ទឹមបារាំងដែលមិនទាន់បក គប្បីរក្សាទុកនៅខាងក្រៅ ព្រោះបើអ្នកទុកវាក្នុងទូទឹកកក នោះវាងាយដុះផ្សិត ហើយធ្វើអោយពិបាកបកទៀតផង។ យ៉ាងណាមិញ ចំពោះខ្ទឹមបារាំងដែលបកហើយ អ្នកត្រូវច្រកវាថង់ប្លាស្ទិច រួចចាំយកទៅទុកក្នុងទូទឹកកកតាមក្រោយ ចៀសវាងដាក់ខ្ទឹមបារាំងដោយផ្ទាល់ក្នុងទូទឹកកក ព្រោះវានឹងឆាប់ស្វិតខូច។

៦.កាកាវ

កាលបើអ្នករក្សាទុកកាកាវក្នុងទូទឹកកក វានឹងបាត់រសជាតិសូកូឡាយ៉ាងច្រើន។ ដូចនេះ អ្នកគួរតែដាក់វាក្នុងកែវបិទជិត នៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពធម្មតា ជាការប្រសើរជាង។

៧. ប្រេងអូលីវ

កុំយកប្រេងអូលីវទៅទុកក្នុងទូទឹកកក ព្រោះវាអាចនឹងឡើងខាប់រហូតដល់កករឹង មិនត្រឹមតែបាត់រសជាតិទេ ថែមទាំងខូចគុណភាពប្រេងអូលីវទៀត។

៨. ជី

អ្នកប្រហែលជាគិតខុសហើយ ដែលយកជីទៅទុកក្នុងទូទឹកកកដើម្បីរក្សាវាអោយនៅល្អបានយូរនោះ។ ផ្ទុយទៅវិញ សីតុណ្ហភាពត្រជាក់ និងសំណើមក្នុងទូទឹកកក នឹង​ធ្វើអោយជីទាំងនោះងាយស្វិតរលួយ និងបាត់រសជាតិទៅវិញទេ។ វិធីដែលល្អបំផុតនោះ គឺអ្នកគួរត្រាំគល់ជីទាំងនោះក្នុងចានដាក់ទឹក ទើបជីនៅស្រស់ល្អបានយូរ។

៩. ប៉េងប៉ោះ

ប៉េងប៉ោះ ងាយនឹងទុំរលួយណាស់ បើអ្នករក្សាវាទុកក្នុងទូទឹកកក។ វិធីដែលល្អបំផុតនោះ គឺអ្នកត្រូវទុកវាក្នុងផ្ទះបាយត្រង់កន្លែងដែលមានសីតុណ្ហភាពត្រជាក់ល្មម។

១០.ទឹកប៉េងប៉ោះ

មិនមែនដោយសារទឹកប៉េងប៉ោះ ធ្វើពីប៉េងប៉ោះទើបអ្នកមិនគួរយកវាទៅទុកក្នុងទូទឹកកកនោះទេ។ ហេតុផលនោះគឺ​ ដោយសារក្នុងទឹកប៉េងប៉ោះ មានទឹកខ្មេះដែលអាចរក្សាគុណភាពរបស់វារួចជាស្រេចហើយ។ ការរក្សាទុកទឹកប៉េងប៉ោះក្នុងទូទឹកកកនឹងធ្វើអោយបាត់បង់រសជាតិដើមរបស់វាផងដែរ។

១១. ត្រីធូណា

ត្រីធូណា ច្បាស់ណាស់គឺត្រូវរក្សាទុកក្នុងទូទឹកកក ប៉ុន្តែអ្នកមិនត្រូវដាក់វាក្នុងទូទឹកកកទាំងកំប៉ុងនោះទេ ព្រោះសីតុណ្ហភាពដ៏ត្រជាក់ក្នុងទូទឹកកកនឹងធ្វើអោយកំប៉ុងងាយច្រេះ ហើយប៉ះពាល់ដល់គុណភាពត្រីធូណា។ ដូចនេះ អ្នកត្រូវចាក់ត្រីធូណាចេញពីកំប៉ុង រួចសឹមយកទៅទុកក្នុងទូទឹកកក។

១២. នំប៉័ង

គ្រាន់តែស្រមៃ ក៏ដឹងបាត់ទៅហើយថា នំប៉័ងដែលដាក់ក្នុងទូទឹកកករឹង និងគ្មានរសជាតិយ៉ាងណា។

១៣. ដំឡូងបារាំង

ដំឡូងបារាំងមើលទៅគួរតែជាប្រភេទបន្លែដែលអាចរក្សាទុកក្នុងទូទឹកកក ប៉ុន្តែការពិតនោះ មិនអ៊ីចឹងទេ។ ដំឡូងបារាំងដែលទុកក្នុងទូទឹកកក នឹងឡើងរឹងដុំៗ បាត់រសជាតិ និងខូចគុណភាព។

១៤. ផ្លែប៉ោម

វាមិនខុសទេដែលរក្សាទុកផ្លែប៉ោមទុកក្នុងទូទឹកកក សម្រាប់អ្នកដែលចូលចិត្តញ៉ាំត្រជាក់ៗ ឬអ្នកដែលមានបំណងទុកផ្លែប៉ោមអោយបានយូរ គ្រាន់តែសីតុណ្ហភាពត្រជាក់ពេកក្នុងទូទឹកកកអាចអោយផ្លែប៉ោមឆាប់ទុំជាងធម្មតា។

១៥. ផ្លែប៊័រ

ផ្លែប៊័រអាចទុំបានយ៉ាងល្អនៅក្នុងបរិយាកាសខាងក្រៅ។ ហេតុនេះហើយ អ្នកមិនចាំបាច់ធ្វើអោយខ្លួនឯងពិបាកដោយយកផ្លែប៊័រទៅរក្សាទុកក្នុងទូទឹកកកនោះទេ។

១៦. ទឹកម្ទេស

ទឹកម្ទេស ក៏មិនខុសគ្នាពីទឹកប៉េងប៉ោះដែរ វាមានផ្សំពីទឹកខ្មេះធម្មជាតិដែលអាចរក្សាគុណភាពទឹកម្ទេសអោយបានយូរ។ ដូច្នេះ គ្មានហេតុផលអ្វីដែលអ្នកត្រូវទុកទឹកម្ទេសក្នុងទូទឹកកកដែលនាំអោយបាត់រសជាតិនោះទេ។

១៧. ត្រសក់ត្រាំ

ត្រសក់ត្រាំ គួរតែទុកនៅខាងក្រៅប្រសើរជាងដាក់ក្នុងទូទឹកកក ព្រោះវាផ្សំពីទឹកខ្មេះដែលអាចរក្សាគុណភាពអោយបានយូរស្រាប់ហើយ។ ម៉្យាងទៀត សីតុណ្ហភាពត្រជាក់ក្នុងទូទឹកកក នឹងមិនងាយធ្វើអោយត្រសក់ជូរនោះទេ។

១៨. ខ្ទឹមស

ខ្ទឹមស ត្រូវការបរិយាកាសដែលមានខ្យល់ចេញចូល។ ភាពត្រជាក់ក្នុងទូទឹកកកនឹងធ្វើអោយខ្ទឹមសឆាប់ស្វិតហើយបាត់រសជាតិ។

១៩. ផ្លែចេក

ទោះក្នុងស្ថានភាពណាក៏ដោយ ចេកមិនគួររក្សាទុកក្នុងទូទឹកកកនោះទេ។ ភាពត្រជាក់ និងសំណើមក្នុងទូទឹកកក អាចធ្វើអោយចេកទុំឆាប់រលួយ ហើយធ្វើអោយចេកស្ទើរ មិនងាយទុំឡើយ។

២០. គ្រឿងទេស

ភាពត្រជាក់​ និងសំណើមក្នុងទូទឹកកក ធ្វើអោយក្លិន និងរសជាតិរបស់គ្រឿងទេសទាំងឡាយថយចុះ។ រក្សាគ្រឿងទេសក្នុងបន្ទប់ដែលមានសីតុណ្ហភាពធម្មតា ជាវិធីដ៏ល្អបំផុត។

ប្រភព ៖ Drhealth

error: Content is protected !!