ក្រោយរងនូវការរិះគន់ នៃស្នាដៃបង្ហាញថ្មីដោយមនុស្សប្រុសគ្រងមកុដអប្សរា ពេលនេះ ឯម រៀម បានចេញមកបងស្រាយដោយលើកឡើងថា… – Kalib9 ចែកចាយ | Kalib9
kalib9

ក្រោយរងនូវការរិះគន់ នៃស្នាដៃបង្ហាញថ្មីដោយមនុស្សប្រុសគ្រងមកុដអប្សរា ពេលនេះ ឯម រៀម បានចេញមកបងស្រាយដោយលើកឡើងថា…

លោក ឯម រៀម ដែលជា​សិល្បករ​គំនូរ ចម្លាក់ ជា​អ្នក​រចនា​ម៉ូដ និង ជាតា​រា​ម៉ូ​ដែល​ផង​នោះ។ ថ្មីៗនេះលោកកំពុងតែត្រូវបានមហាជនមួយចំនួនរិះគន់នូវស្នាដៃ ការតាក់តែងកាយ ដោយប្រុស​ៗ​ស្លៀក​សម្លៀក​បំពាក់​មនុស្ស​ស្រី​ និងគ្រងនូវ​មកុដអប្សរា។ ជាហេតុធ្វើឲ្យមហាជនមួយចំនួនសម្តែងការមិនពេញចិត្ត និងរិះគន់ជាខ្លាំងទៅនឹងការបញ្ចេញស្នាដៃមួយនេះ។

យ៉ាងណាមិញលោក ឯម រៀម ក៏បានឆ្លើយតបទៅនឹងការរិះគន់ និងបង្ហាញថាអប្សរាក៏មាន ២ប្រភេទដែរ ដោយការមើលឃើញនៅតាមសរសរពេជ្រ នៃប្រាសាទបាយ័ន គឺមិនមានដើមទ្រូងធំៗដូចស្រ្តីទេ ថែមទាំងមានស្លៀកពឹងដោយមិនមានស្លៀកសំពត់ ដូចនេះហើយតាមការមើលឃើញ គឺអប្សរា មានទាំង បុរស មានទាំងស្រ្តី។

ដោយលោកបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “នៅឆ្នាំ១៩៩៧ ដោយសារការងារ ឲ្យក្រុមហ៊ុន គឺការងារដំបូងរបស់ខ្ញុំគឺគូរប្លង់តំបន់ប្រាសាទ គឺគូរដោយដៃ សម្រាប់អ្នកទេសចរណ៏។ ហើយនៅឆ្នាំនោះ តំបន់ប្រាសាទខ្លះ នៅមានគ្រាប់មីន និង ព្រៃក្រាស់ៗ និងមានបន្លា តែខាងក្រុមហ៊ុនតម្រូវអោយចូលទៅដើម្បីឲ្យដឹងអំពីទំហំ និង ឈ្មោះនៃប្រាសាទ។ កំពុងតែជិះម៉ូតូព្រៃ (ម៉ូតូជួលគេ) ស្រាប់តែម៉ូតូធ្លាយដោយសារមុតបន្លា ពេលនោះក៏អូសម៉ូតូចេញពីព្រៃ តែម្នាក់ឯងហើយស្ងាត់ មានអារម្មណ៏ព្រឺរោម។

អូសម៉ូតូចេញផុតពីព្រៃ ឃើញអ៊ំម្នាក់ជិះកង់ ហើយសួររកកន្លែងប៉ះកង់ម៉ូតូ គាត់ប្រាប់ថា មាននៅមុខប្រាសាទបាយ័ន។ ពេលរង់ចាំនៃការប៉ះកង់ម៉ូតូ ក៏ដើរចូលទស្សនាខាងក្រៅនៃប្រាសាទបាយ័ន ពេលនោះហើយដែលបានឃើញអប្សរានៅលើសរសរពេជ្រអត់មានដើមទ្រូងធំៗ ហើយមានស្លៀកពឹង និងលើកជើងខ្ពស់ៗ មិនដូចជាអប្សរានៅប្រាសាទ អង្គរតូចទេ គឺមានដើមទ្រូងធំៗ និងមានស្លៀកសំពត់។

ពីពេលនោះក៏គិតថាអប្សរាគឺមាន អប្សរាប្រុស និង អប្សរាស្រី ហើយតាំងពីពេលនោះមកមានចិត្តស្រឡាញ់ មកុដអប្សរា កាលណាឃើញមកុដមិត្តភក្តិ តែងតែខ្ចីគេពាក់ថតរូបលេង។ ដូចនេះហើយខ្ញុំតែងតែអោយតម្លៃនៃមកុដអប្សរា ដែលបុព្វបុរសយើងបានច្នៃម៉ូតមកុដនេះទុកឲ្យ គឺបន្តប្រើប្រាស់អោយអស់ពីលទ្ធភាព ដែលអាចធ្វើទៅបាន និងបង្ហាញដល់យុវជន ឲ្យបាន យល់កាន់តែច្បាស់ នៃគ្រឿងសិល្បៈខ្មែរបុរាណ។ ជនបរទេសភាគច្រើនគិតថា ខ្មែរយកគ្រឿងសិល្បៈថៃយកមកប្រើ ដោយសារខ្មែរមានតែមិនបង្ហាញ បើបានបង្ហាញមានតែនៅលើឆាក ជាលក្ខណះ VIP”៕