ជូនចំពោះប៉ារបស់ខ្ញុំ!!! – Kalib9 សង្គម & ជិវិត | Kalib9
kalib9

ជូនចំពោះប៉ារបស់ខ្ញុំ!!!

 

ប៉ា! មុននឹងប៉ាដើរលេងស៊ីផឹកយប់ព្រលប់ចោលផ្ទះ សូមប៉ានឹកឃើញផងថា មានស្ត្រីម្នាក់ កំពុងតែបារម្ភ ចាំផ្លូវប៉ា ខ្លាចប៉ាមានគ្រោះថ្នាក់។

ប៉ា! មុននឹងប៉ាចង់មានស្រីខាងក្រៅ សូមប៉ានឹកឃើញផងថា មានស្ត្រីម្នាក់ដែលប៉ាហៅថាប្រពន្ធ ធា្លប់ឆ្លងកាត់រឿងលំបាកៗជាមួយប៉ា ស៊ីអត់ស៊ីឃ្លានជាមួយប៉ា ដោយមិនខ្វល់ទេថាវេទនាបែបណាខ្លះ សំខាន់ គឺព្រមនៅក្បែរប៉ាមួយជីវិត។

ប៉ា! មុននឹងប៉ស្ដីថា ឬជេរប្រទេចផ្ដាសា ចង់វាយធ្វើបាបម៉ាក់ សូមប៉ាគិតផងថា ខ្លួនប៉ជាប្រុស ម៉ាក់ជាស្រី យាយក៏ជាស្រី កូនក៏ស្រី សម្ដីអសុរោះអសទាំងនោះ វានឹងបំផ្លាញ តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ប៉ាខ្លួនឯង

ប៉ា! មុននឹងប៉ាថាម៉ាក់ចាស់ មិនស្អាត មិនក្រអូបដូចស្រីក្មេងខាងក្រៅ សូមប៉ាគិតថា ម៉ាក់បោសជ្រះផ្ទះសម្បែង រៀបចំបាយទឹក ត្រជាក់ក្ដៅទុកឱ្យប៉ា និងកូន មិនមែនស្រីខាងក្រៅនោះមកធ្វើឱ្យប៉ាទេ ម៉ាក់នៅផ្ទះ ធ្វើការងារផ្ទះសព្វយ៉ាង បែកញើសគឃៀរ មានពេលឯណាធ្វើខ្លួនឱ្យក្រអូបដូចស្រីនោះ

ប៉ា! មុននឹងប៉ា ចង់លែងលះម៉ាក់ សូមប៉ាគិតផងថា ពេលប៉ាចាស់ ប៉ាឈឺ ប៉ានឹងលំបាក គ្មានអ្នកណា មកមើលថែប៉ា យកចិត្តទុកដាក់នឹងប៉ា ដូចស្រីចាស់ម្នាក់នេះឡើយ

ពេលខ្លះ ម៉ាក់ដូចស្រីមានកម្មមិនខុសទេ មិនថាមានរឿងប៉ុនណា បញ្ហាយ៉ាងណា ក៏នៅតែក្រាបលូន រ៉ាប់រង ស៊ីអំបិលប្រហុក នៅជាមួយប៉ា ព្រោះតែមិនចង់ឱ្យគ្រួសារ បែកបាក់ ប្រេះឆានោះឡើយ។

ប៉ា! ស្រីចាស់ម្នាក់នេះ ប្រហែលធ្វើឱ្យប៉ា លែងមានអារម្មណ៍ឆាបឆួលដូចមុនក៏ពិតមែន តែស្រីចាស់ម្នាក់នេះ នៅតែអាចធ្វើឱ្យប៉ា មានអារម្មណ៍ថាកក់ក្ដៅ ការរស់នៅថ្លៃថ្នូរក្នុងសង្គម ញាតិមិត្តបងប្អូន គេព្រមទទួលស្គាល់ តែបើប៉ាលែងម៉ាក់ ទោះប៉ាមានប៉ុនណា ក៏ប៉ាមិនអាចទៅទិញស្រី ឱ្យមកមើលថែប៉ាចាស់ដេកឈឺ ដោយស្ម័គ្រចិត្តបានដែរ។

គ្មានអ្នកណាថែប៉ា ដូចស្រីធ្លាប់ស៊ីអំបិលប្រហុកជាមួយប៉ា តាំងពីដើមមកដូចម៉ាក់នោះឡើយ ៕

#PanhaRoth

error: Content is protected !!