បាតុភូត​ឥន្ទធនូ​នៅ​ស្អាតៗដែរមិនគួរឲ្យជឿ!!! – Kalib9 ប្លែកៗ | Kalib9
kalib9

បាតុភូត​ឥន្ទធនូ​នៅ​ស្អាតៗដែរមិនគួរឲ្យជឿ!!!

តៃវ៉ាន់​ត្រូវគេ​រាយការណ៍​ថា បាន​បំបែក​កំណត់ត្រា​ពិភពលោក សម្រាប់​ការ​មាន​ឥន្ទធនូ​រយៈពេល​យូរ​ជាងគេ​បំផុត ដោយ​បាតុភូត​នេះ បាន​បន្ត​ប្រព្រឹត្ត​ទៅដល់​ទៅជិត ០៩ម៉ោង កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ពី​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មាន Taiwan News បាតុភូត​ឥន្ទធនូ​ខាងលើ ត្រូវបាន​អង្កេត​នៅ​ទីក្រុង​តៃប៉ិ ដោយ​សាស្ត្រាចារ្យ ០២រូប មកពី​ដេ​ប៉ា​តេ​ម៉​ង់​វិទ្យាសាស្ត្រ​អាកាសធាតុ នៅឯ​សាកលវិទ្យាល័យ​វប្បធម៌​ចិន CCU។ ការឃ្លាំមើល​របស់​អ្នក​ទាំងពីរ បាន​បង្ហាញថា ឥន្ទធនូ​មួយ​នោះ បាន​បន្ត​កើតមាន​អស់​រយៈពេល ០៥ម៉ោង និង ៥៨នាទី ដោយ​វា​បាន​លេចឡើង​កាលពី​វេលា​ម៉ោង ៦៖៥៧នាទី​ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់​ម៉ោង ៣៖៥៥នាទី រសៀល​ថ្ងៃ​ដដែល។

ជាមួយគ្នានេះ ក្រុមការងារ​នៃ​ដេ​ប៉ា​តេ​ម៉​ង់​ខាងលើ កំពុង​ប្រមែប្រមូល​ភស្តុតាង​នានា ដើម្បី​ស្នើសុំ​ប្រជែង​ក្នុង​កំណត់ត្រា Guiness ពិភពលោក ហើយ​ប្រសិនបើ​ថេរវេលា​នេះ ត្រូវបាន​ទទួលស្គាល់​នោះ វា​នឹង​បំបែក​កំណត់ត្រា​ចាស់ គឺ​ការលេចឡើង​រយៈពេល០៦ម៉ោង​នៃ​ឥន្ទធនូ នៅ​តំបន់ Yorkshire ភាគ​ខាងជើង​អង់គ្លេស កាលពី​ជាង ១៣ឆ្នាំមុន ពោល​នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៩៤។

គួរ​ជម្រាប​ថា បើតាម​ការពន្យល់​បក​ស្រាយ​របស់​សាស្ត្រាចារ្យ​ជំនាញ ខ្យល់មូសុង​ប្រចាំ​រដូវ​មួយ ដែល​បាន​បក​ផាត់​មកពី​ភាគ​ឦសាន បាន​បង្ខាំង​ជាតិ​សំណើម​នៅក្នុង​ខ្យល់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឥន្ទធនូ​ខាងលើ បន្ត​ប្រព្រឹត្តទៅ​បានយូរ​បែបនេះ។ ពពក​ដែល​កកើតឡើង​ដោយ​ជាតិ​សំណើម ព្រមទាំង​ភ្លៀងរលឹមស្រិចៗ និង​ខ្យល់​បក់យឺតៗ សុទ្ធតែជា​លក្ខខណ្ឌ​ដ៏​ល្អប្រសើរ សម្រាប់​ការលេចឡើង​នៃ​បាតុភូត​ឥន្ទធនូ៕