តើលុយដែលយកទៅស្សំនៅធនាគារ ធ្វើអោយកើនរឺថយចុះ!? – Kalib9 គំនិត | Kalib9
kalib9

តើលុយដែលយកទៅស្សំនៅធនាគារ ធ្វើអោយកើនរឺថយចុះ!?

ការសន្សំធ្វើឱ្យយើងមានអារម្មណ៍ថា សាច់ប្រាក់ ឬអនាគតរបស់យើងមានសុវត្ថិភាព ប៉ុន្តែនៅពេលដែលយើងយកប្រាក់ ដែលអាចទិញពងមាន់បាន២០គ្រាប់នៅថ្ងៃនេះ យកទៅទិញពងមាន់នៅមួយឆ្នាំទៀត យើងប្រហែលជាទិញបានតែ១៨គ្រាប់ទេ។ នេះបានន័យថា ប្រាក់របស់យើងកំពុងតែមានឱនភាពតម្លៃ (Depreciation)។ ដូចនេះតើយើងមិនគួរសន្សំទេ ឬយ៉ាងណា? ឥឡូវយើងមកស្វែងយល់ពីគោលការណ៍មួយចំនួន ទាក់ទងនឹងការសន្សំ៖

១. លុយអាចប្រែប្រួលតម្លៃទៅតាមពេលវេលា៖

លុយ ១០.០០០រៀលនៅថ្ងៃនេះអាចទិញបានពងមាន់២០គ្រាប់ ហើយ១០.០០០រៀលដូចគ្នានេះ ប្រហែលជានឹងទិញបានតែ១៨គ្រាប់ប៉ុណ្ណោះនៅឆ្នាំក្រោយ។ បើយើងយក១០.០០០រៀលនេះ ទៅដាក់នៅធនាគារវិញ នោះសាច់ប្រាក់យើងនឹងកើនដល់១០.៥០០រៀល ហើយយើងប្រហែលជានឹងទិញបានពងមាន់១៩គ្រាប់។ ស្ថានភាពនេះបានន័យថា អត្រាការប្រាក់ដែលធនាគារផ្តល់ឱ្យ នៅតិចជាងអតិផរណា។ ដូចនេះត្រូវស្វែងរកវិធី ឬការវិនិយោគដែលអាចបង្កើនសាច់ប្រាក់របស់យើង។

២. សន្សំដើម្បីវិនិយោគ៖

យើងត្រូវរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដោយត្រូវមានកញ្ចប់សាច់ប្រាក់មួយផ្នែក សម្រាប់វិនិយោគជាប្រចាំ។ យើងអាចទៅលើភាគហ៊ុន ឬអចលនទ្រព្យជាដើម។

៣. យល់ថាអ្វីជាការចំណាយ អ្វីជាការវិនិយោគ៖

អ្នកខ្លះព្យាយាមសន្សំប្រាក់ ដោយមិនហ៊ានចំណាយលើអ្វីទាំងអស់។ យើងត្រូវស្វែងយល់ថា អ្វីខ្លះដែលចំណាយហើយ ផ្តល់ប្រយោជន៍ ឬតម្លៃឱ្យយើងវិញច្រើន។ យើងមិនត្រូវព្យាយាមសន្សំ រហូតដល់មិនហ៊ានទៅជួបជុំជាមួយមិត្តភក្តិល្អៗ មិនហ៊ានបង់ថ្លៃសាលា មិនហ៊ានទិញសៀវភៅ មិនហ៊ានទិញសម្លៀកបំពាក់សម្យរម្យ មិនហ៊ានវិនិយោគទៅលើខ្លួនឯង។

ការដែលមិនមានមិត្តភក្តិល្អ ឬទំនាក់ទំនងជាមួយសង្គមខ្សោយ នោះយើងនឹងមិនអាចមានឳកាសថ្មីៗ ដើម្បីរកចំនូលបន្ថែមឡើយ។ ការដែលមិនហ៊ានវិនិយោគទៅលើខ្លួនឯង នឹងធ្វើឱ្យយើងដើរមិនទាន់សម័យកាល និងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយកការងារ និងភាគជោគជ័យថ្មីៗ។ ដូចនេះត្រូវហ៊ានវិនិយោគ ដើម្បីភាពរីកចម្រើន។ Spend Less, Invest More.

ដកស្រង់ពីផេក៖ Financial Investment
Facebook: https://www.facebook.com/taihy.try/posts/2064444873839826

error: Content is protected !!