គម្រោងដ៏មហិមាទាំង១០ដែលអ្នកវិទ្យាសាស្រ្តបានស្នើឡើងដើម្បីកាន់កាប់ទីលំហ – Kalib9 ចែកចាយ | Kalib9
kalib9

គម្រោងដ៏មហិមាទាំង១០ដែលអ្នកវិទ្យាសាស្រ្តបានស្នើឡើងដើម្បីកាន់កាប់ទីលំហ

មកដល់ពេលថ្មីៗនេះគំនិតនៃការរស់នៅលើភពមួយផ្សេងទៀតលែងជារឿងប្រឌិតបែបវិទ្យាសាស្រ្តទៀតហើយ។ ក្រុមអវកាស SpaceX និង Mars One បានចាប់ផ្តើមគម្រោងដើម្បីកាន់កាប់គ្រប់គ្រងលើភពអង្គារ ចំណែកទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency) បានលើកឡើងពីការកាន់កាប់លើឋានព្រះចន្ទ ហើយប្រទេសចិនបានបង្ហាញផែនការសាងសង់កន្លែងរុករករ៉ែនៅក្នុងលំហ។ ជារួមគេនៅចាំតែពេលវេលាប៉ុណ្ណោះ ដែលមនុស្សនឹងទៅរស់នៅ និងកាន់កាប់គ្រប់គ្រងក្នុងទីលំហ ព្រោះថាគម្រោងធំៗទាំង១០នេះ ត្រូវបានអ្នកវិទ្យាសាស្រ្តស្នើឡើងហើយ។

10. ទីក្រុងពពក (Cloud Cities) នៅលើភព Venus

ការរស់នៅលើភព Venus គឺដូចជាសង់ផ្ទះនៅក្នុងរណ្តៅនរក ព្រោះថាសីតុណ្ហភាពដ៏ក្តៅនៅទីនោះអាចធ្វើឱ្យស្បែករបស់អ្នកឆ្អិនបាន ហើយក្នុងខ្យល់មានអ័ព្ទអាស៊ីតស៊ុលផួរិចយ៉ាងក្រាស់។ តែយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រខ្លះគិតថា ភពVenus មានលក្ខណៈល្អអាចឱ្យមនុស្សរស់នៅបាន ប៉ុន្តែមិនមែននៅលើដីនោះទេ គឺនៅក្នុងលំហមេឃរបស់ភពនេះ។ ដូចនេះហើយ អ្នកវិទ្យាសាស្រ្តខ្លះចង់សាងទីក្រុងអណ្តែតនៅខាងលើបំផុតនៃពពកលើមេឃភពVenus។

9. កន្លែងរុករករ៉ែនៅខាងក្នុង Asteroids (ភពតូចៗនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ហើយធ្វើដំណើរជុំវិញព្រះអាទិត្យ)

អ្នកវិទ្យាសាស្ត្រខ្លះជឿថាយើងអាចរកមើលកន្លែងរស់នៅលើក្នុងប្រព័ន្ធព្រះអាទិត្យដូចជាAsteroids ដែលអាចជាកន្លែងល្អឥតខ្ចោះដើម្បីរុករករ៉ែនាពេលអនាគត ព្រោះភាគច្រើននៃផ្ទាំងថ្មធំមហិមាដែលអណ្តែតនៅជុំវិញទីលំហទាំងនោះគឺសំបូរទៅដោយធាតុរ៉ែជាច្រើនដូចជាផ្លាទីនជាដើម។ នៅលើ Asteroids គេអាចជីករករ៉ែបានច្រើនតាមដែលចង់បានពីព្រោះមិនចាំបាច់ខ្វល់ខ្វាយអំពីបរិស្ថានឡើយ។ ជាគំនិតគឺគេចង់បង្កើតស្ថានីយ៍អវកាសនៅជុំវិញ  Asteroids ហើយបំពាក់នូវឧបករណ៍រុករករ៉ែ។

8. ទីក្រុងក្រោមទឹកនៅលើភព Europa

Europa គឺជាព្រះច័ន្ទនៃភពព្រហស្បតិ៍ ដែលត្រូវបានគ្របដណ្តប់ដោយស្រទាប់ទឹកកកដ៏ក្រាស់។ គ្មាននរណាដឹងថាមានអ្វីនៅពីក្រោមផ្ទៃទឹកកកនោះទេ ប៉ុន្តែមានការជឿថាមហាសមុទ្រទាំងមូលកំពុងរង់ចាំឱ្យគេទៅស្រាវជ្រាវប្រសិនបើអាចឆ្លងកាត់ទំលុះផ្ទៃទឹកកកនោះបាន។ នៅលើផ្ទៃនៃ Europa មានជាតិវិទ្យុសកម្ម ប៉ុន្តែនៅក្រោមផ្ទៃទឹកកកនោះ វាគួរតែជាកន្លែងមានសុវត្ថិភាពពីជាតិវិទ្យុសកម្ម ហើយមនុស្សគួរតែអាចរកឃើញបណ្តាញជីវិតដ៏រីកចម្រើន។ ផែនការនេះគឺដាក់ប្រដាប់ខួងនៅខាងចុងនៃនាវាមុជទឹក ហើយបើកចូលទៅក្នុងផ្ទៃទឹកកកនោះ។ នៅពេលនាវាមុជទឹកឆ្លងកាត់វាចូលទៅក្រោមហើយ គេនឹងចាប់ផ្តើមរុករកមហាសមុទ្រនៃ Europa ។

7. មូលដ្ឋានចល័តនៅលើភពព្រះចន្ទ

អង្គការ NASA បានលើកឡើងពីការបង្កើតមូលដ្ឋាននៅលើភពព្រះចន្ទអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដើមឡើយគេចង់សាងសង់មូលដ្ឋាននៅក្នុងរូងក្រោមដី ប៉ុន្តែសព្វថ្ងៃនេះអង្គការ NASA កំពុងពិចារណាលើគំនិតថ្មី ដោយចង់បង្កើតកន្លែងរបស់ខ្លួននៅលើកង់វិលដែលអាចចល័តបានព្រោះយប់នៅលើឋានព្រះចន្ទជាធម្មតាមានរយៈពេលប្រហែល ១៤ថ្ងៃ។ ពេលយប់ដ៏យូរនេះធ្វើឱ្យគេមិនអាចប្រើថាមពលពន្លឺព្រះអាទិត្យដើម្បីធ្វើឱ្យអ្វីៗដំណើរការបាន។ នៅប៉ូលនៃភពព្រះចន្ទ តែងតែស្ថិតនៅពេលថ្ងៃជានិច្ច នោះមានន័យថា NASA អាចដាក់បន្ទះសូឡាគ្របលើមូលដ្ឋានរបស់ខ្លួនដើម្បីស្រូបយកថាមពលសម្រាប់ផ្គត់ផ្គង់ជាប់ជារហូត។

6. Bernal Sphere

Bernal Sphere គឺជាគំនិតមួយសម្រាប់ស្ថានីយ៍អវកាសដែលអាចទ្រទ្រង់ខ្លួនឯង ដោយមានកសិដ្ឋានកន្លែងចិញ្ចឹមសត្វ និងកន្លែងកំសាន្ត។ ស្ថានីយ៍អវកាសត្រូវបានព័ទ្ធជុំវិញដោយរង្វង់ដែលវិលឥតឈប់ឈរក្នុងល្បឿនមិនគួរឱ្យជឿ។ រង្វង់នេះមានគោលបំណងផ្សេងគ្នាផងដែរដោយមួយចំនួនត្រូវបានប្រើដើម្បីដាំដំណាំ និងមួយចំនួនត្រូវបានប្រើដើម្បីថែទាំសត្វ។

5. កន្លែងរស់នៅលើភព Mercury

ភពនេះនៅជិតព្រះអាទិត្យ ដូចនេះសីតុណ្ហភាពអំឡុងពេលថ្ងៃអាចឡើងដល់ ៤២៧អង្សាសេ ហើយភពនេះវិលយឺតៗ ដែលថ្ងៃទាំងនោះអាចមានរយៈពេលយូររហូតស្មើនឹង១៧៦ថ្ងៃនៅលើផែនដី។ ប៉ុន្តែរយៈពេលដ៏យូរនោះអាចជារឿងល្អ។ ការដែលវិលយឺតៗនេះ ធ្វើឱ្យទីក្រុងចល័តអាចស្ថិតនៅខាងចុងនៃពន្លឺព្រះអាទិត្យ ដែលធ្វើឱ្យសីតុណ្ហភាពមិនខុសគ្នាឆ្ងាយពីភពផែនដីនោះទេ។

4. ការកាន់កាប់លើTitan

Titan ជាព្រះច័ន្ទរបស់ភពសៅរ៍ និងជាកន្លែងចម្លែកមួយ។ ភ្លៀងមេតានធ្លាក់ពីលើមេឃហើយបង្កើតបានជាបឹងដ៏អស្ចារ្យ ហើយទំនាញខ្សោយណាស់ដែលគេអាចហោះអណ្តែតខ្លួនបាន។ វាក៏អាចជាកន្លែងល្អឥតខ្ចោះសម្រាប់មនុស្សរស់នៅផងដែរ។ នៅក្នុងបរិយាកាសរបស់ Titan មាននីត្រូសែនច្រើនដែលជួយរារាំងកាំរស្មីខូស្មិច ហើយច្រើនជាងផែនដីទៅទៀត។ ខុសពីភពផែនដី Titan ទទួលបានការការពារបន្ថែមពី Magnetosphere របស់ភពសៅរ៍។ ដូច្នេះប្រសិនបើយើងអាចរកវិធីដើម្បីរស់នៅលើផ្ទៃ Titan វាអាចជាកន្លែងដែលមានសុវត្ថិភាពសម្រាប់រស់នៅ។

3. កញ្ចក់លំហនៅជុំវិញភព Ceres

នៅស្នូលរបស់ភព Ceres គឺជាថ្មដ៏ធំមួយដែលអណ្តែតក្នុងលំហ ប៉ុន្តែនៅលើផ្ទៃវា គឺគ្របដណ្តប់ដោយស្រទាប់ទឹកកកក្រាស់ដែលមានន័យថាវាមានទឹក ហើយទឹកនោះអាចត្រូវបានប្រើដើម្បីទ្រទ្រង់ជីវិត។អ្នកវិទ្យាសាស្ដ្រខ្លះចង់ដាក់កញ្ចក់ធំៗនៅលើគន្លងជុំវិញភព Ceres  ដើម្បីទាញពន្លឺនៃព្រះអាទិត្យទៅលើផ្ទៃនៃភព។ ពួកគេសង្ឃឹមថាពន្លឺបន្ថែមនេះនឹងធ្វើឱ្យសីតុណ្ហភាពខ្ពស់ជាងធម្មតានិងក្ដៅគ្រប់គ្រាន់ដើម្បីកម្ទេចទឹកកកទាំងនោះ។ ប្រសិនបើវាដំណើរការ ចំហាយទឹកដែលចេញពីមហាសមុទ្រនឹងបង្កើតអុកស៊ីសែននៅពេលវាមានទំនាក់ទំនងជាមួយវិទ្យុសកម្មពីព្រះអាទិត្យ។ តាមទ្រឹស្ដី ការណ៍នេះគួរតែអាចឱ្យគេបង្កើតទីក្រុងអណ្តែតនៅលើផ្ទៃទឹកកកដែលរលាយនោះ។

2. ការទាញយកឧស្ម័នអេល្យូមនៅលើភព Uranus

ភព Uranus ពោរពេញដោយឧស្ម័នអេល្យូម ដែលជាឧស្ម័នដែលយើងស្ទើរតែអស់រលីងនៅលើផែនដី។ ប្រៀបធៀបនឹងភពព្រហស្បតិ៍ និងភពសៅរ៍ ភព Uranus អាចងាយស្រួលកាន់កាប់ដើម្បីទាញយកឧស្ម័នអេល្យូមជាង។ គម្រោងគឺដាក់ប៉ោងប៉ោងខ្យល់ក្តៅនៅក្នុងបរិយាកាសរបស់ភពនេះ ដើម្បីស្រូបយកឧស្ម័ននេះហើយបញ្ជូនវាទៅកាន់ស្ថានីយ៍អវកាសនៅក្នុងគន្លងគោចរជុំវិញភពផែនដី។

  1. ព្រៃ Redwood នៅលើភពអង្គារ

នេះជាគម្រោងរបស់ក្រុមនៅ MIT ដែលគំនិតរបស់ពួកគេគឺពង្រាយដោមកញ្ចក់រាងក្រឡូបៗដែលតភ្ជាប់គ្នាដោយបណ្តាញផ្លូវក្រោមដីដូចឫសឈើ។ ផ្លូវក្រោមដីនេះនឹងទាញយកនូវទឹកក្រោមដី និងដីហើយបញ្ជូនទៅកាន់ដោមកញ្ចក់រាងក្រឡូបៗទាំងនោះ ដែលនៅខាងក្នុងនោះ ទឹកមួយចំនួនត្រូវបង្កើតជាអុកស៊ីសែន និងផ្គត់ផ្គង់កសិដ្ឋានដំណាំក្នុងទឹក។ ទឹកក៏នឹងបំពេញកោសិកានៅខាងក្រៅដោម ការពារមនុស្សនៅខាងក្នុងពីវិទ្យុសកម្មព្រះអាទិត្យផងដែរ។

ប្រភព៖ Listverse