ល្ខោននិយាយ​កំពុង​ប្រឈម​នឹង​ការបាត់បង់ ត្រូវការ​ការគាំទ្រ​ – Kalib9 ចែកចាយ | Kalib9
kalib9

ល្ខោននិយាយ​កំពុង​ប្រឈម​នឹង​ការបាត់បង់ ត្រូវការ​ការគាំទ្រ​

ដោយ​: សុផល / ភ្នំពេញ​: “​ការសម្តែង​លើក​នេះ វា​ហាក់ដូចជា​លើកចុងក្រោយ​របស់​សិល្ប​ករ​ក៏​ថា​បាន​…” នេះ​ជាការ​លើកឡើង​របស់​អ្នកដឹកនាំ​រឿងល្ខោន​និយាយ ថៅកែ​ចិត្តចោរ គឺ​លោក សួង សុ​ភ័​ក្រ​។ សិល្បករ​ដែលមាន​ជំនាញ​ខាង​ដឹកនាំ​រឿងល្ខោន​និយាយ​អស់​ជាង​មួយ​ទស្ស​វត្ត​រូបនេះ ពន្យល់​ពី​ការលើកឡើង​របស់ខ្លួន​ថា បច្ចុប្បន្ន​សិល្បករ​សម្តែង​មាន​វ័យ​ចំណាស់ ខណៈ​សាលា​សិល្បៈ​ស្ទើរតែ​មិនមាន​សិស្ស​និស្សិត​ចាប់អារម្មណ៍​ទៅ​សិក្សា​លើ​ជំនាញ​ល្ខោននិយាយ ឬ​សិល្បៈ​បុរាណ​ដទៃៗ​ទៀត​នោះទេ​។​

​មិនតែប៉ុណ្ណោះ រាល់​ការតំឡើង​រឿង​មួយៗ​ទាមទារ​ឱ្យមាន​ការចំណាយ​ច្រើន​ទាំង​ថវិកា ក៏ដូចជា​ពេលវេលា ប៉ុន្តែ​មិនសូវ​បាន​ចំណូល​។ ខ្វះ​ចំណូល​ព្រោះថា កន្លងមក​មិនសូវមាន​ការគាំទ្រ​ពីសា​ធា រណ​ជន​ម្លោះ​ហើយ​បញ្ហា​ទាំងនេះ​បានក្លាយ​ជាក​ឧបសគ្គ​រាំង​ស្ទុះ​ក្នុងការ​បន្ត​ស្មា​ដៃ​សិល្បៈ​ខ្មែរ​នេះ​ទម្រង់​នេះ​។

​យ៉ាងណាមិញ ការ​លើកយក​ទស្សនីយភាព​ល្ខោននិយាយ​រឿង ថៅកែ​ចិត្តចោរ​នេះ​មក​សម្តែង​ជា​លើក​ទី​៣​នេះ​ត្រូវបាន​លោក សួង សុ​ភ័​ក្រ​អះអាងថា វា​ជាការ​នាំយក​សិល្បៈ និង​អក្សរ​សិ​ល្បិ៍​ខ្មែរ​មក​បង្ហាញ​សាធារណជន ក៏ដូចជា​ដើម្បី​បន្ត​ថែរក្សា និង​អភិរក្ស​ស្មា​ដៃ​កវី​ខ្មែរ​ជំនាន់​ដើម​។

​គ្រូបង្រៀន​នៃ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ ឯកទេស​ល្ខោននិយាយ និង​ជា​តួអង្គ​ឯក​តៃកុង​ហំ ក្នុង​រឿង​ថៅកែ​ចិត្តចោរ លោក​កែវ រដ្ឋា បានឱ្យដឹងថា លោក​ពិតជា​សប្បាយចិត្ត​ដែលមាន​ឱកាស​ចំណាយពេល​វេលា​បំរើ​សិល្បៈ​ខ្មែរ ពិសេស​ល្ខោននិយាយ​នេះ​តែម្តង​។

​សិល្បករ​ដែលជា​សាស្ត្រាចារ្យ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ដឹងថា កាល​សម្តែង​រឿង​ថៅកែ​ចិត្តចោរ​ជា​លើកដំបូង​នោះ លោក​ទទួល​គ្រោះថ្នាក់​ចរាចរ​មុន​ថ្ងៃ​សម្តែង​មួយថ្ងៃ ប៉ុន្តែ​ដោយ​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ និង​ទំនួល​ខុសត្រូវ​ខ្ពស់ លោក​បាន​ឡើង​សម្តែង​ដោយ​ជិះ​រទេះរុញ​អ្នកជំងឺ និង​មាន​ព្យួរ​ស៊ឺ​រ៉ូម​ទៀតផង​។

​លោក​កែវ រដ្ឋា ពន្យល់ថា​៖ “…​វា​ជា​ឆន្ទៈ​។ ហើយ​ខ្ញុំ​ត្រូវតែ​សម្រេច​ធ្វើឱ្យបាន បើទោះជា​ក្រោយ​សម្តែង​ចប់ ខ្ញុំ​ត្រូវស្លាប់ ក៏​តាម​ហ្នឹង​ចុះ​។ យ៉ាងណា​ខ្ញុំ​ត្រូវ​សម្តែង​ដើម្បី​ឆ្លើយតប​ទៅនឹង​ទឹកចិត្ត​របស់​ទស្សនិកជន​ដែល​រង់ចាំ​មក​ទស្សនា​…”​។​

​រឿង​ថៅកែ​ចិត្តចោរ និពន្ធ​ដោយ​លោក​អ៊ុំ ឈឺ​ន និង​លោក​ពៅ យូ​ឡេង​។ រឿងនេះ​ជា​អក្សរ​សិ​ល្បិ៍​ខ្មែរ​បែប​ទំនើប ដែល​បានបង្ហាញ​ពី​តថភាព​សង្គម​ខ្មែរ​នា​សម័យ​នោះ​។ រឿងនេះ​ក៏មាន​ដាក់​បង្រៀន​ក្នុង​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រាប់​ថ្នាក់​វិទ្យាល័យ​ផងដែរ​។

​ទស្សនីយភាព​ល្ខោននិយាយ​រឿង ថៅកែ​ចិត្តចោរ ត្រូវបាន​សម្តែង​ជា​លើកដំបូង​កាលពីដើមឆ្នាំ​២០១៧ នៅ​មហោស្រព​ចតុ​មុខជា​សាធារណៈ និង​លើក​ទី​២ នៅក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សម្រាប់​សិស្ស​នៅ​ទីនោះ​។

​ទាំង​លោក សួង សុ​ភ័​ក្រ ក៏ដូចជា​លោក​កែវ រដ្ឋា សង្ឃឹមថា​ប្រជាជន​ខ្មែរ​នឹង​គាំទ្រ និង​ឱ្យ​តម្លៃ​សិល្បៈ​ខ្មែរ តាមរយៈ​ការចូលរួម​ទស្សនា​ដោយផ្ទាល់ ក៏ដូចជា​លើកទឹកចិត្ត​អ្នក​ស្រឡាញ់​សិល្បៈ​បន្ត​ការសិក្សា​ផ្នែក​សិល្បៈ​ខ្មែរ​បុរាណ​ជា​បន្តបន្ទាប់​។

​ការសម្តែង​ទស្សនីយភាព​ល្ខោននិយាយ​រឿង​ថៅកែ​ចិត្តចោរ លើក​ទី​៣​នេះ គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៧​នេះ ដែល​អាច​ទទួល​អ្នកចូលរួម​ជិត​១​ពាន់​នាក់ នៅ​សាល​ពហុ​បំណង​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ (CKCC)​។

​សំបុត្រ​ចូលរួម ដើម្បី​ទ្រទ្រង់​កម្មវិធី មានតម្លៃ​៥​ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​លក់​នៅតាម​ទីតាំង​សកលវិទ្យា​ល័យ​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកលវិទ្យាល័យ​ភ្នំពេញ​អាមេរិកកាំង ជាដើម​៕

ប្រភព http://www.rasmeinews.com/ល្ខោននិយាយ%E2%80%8Bកំពុង%E2%80%8Bប្រឈម/