តោះទៅមើលបញ្ហា និងដំណោះស្រាយដែលលោក Jack Ma ធ្លាប់បានជួប មុនពេលក្លាយទៅជាមហា​សេដ្ឋី​!!! – Kalib9 គំនិត | Kalib9
kalib9

តោះទៅមើលបញ្ហា និងដំណោះស្រាយដែលលោក Jack Ma ធ្លាប់បានជួប មុនពេលក្លាយទៅជាមហា​សេដ្ឋី​!!!

ក្នុងចំណោមមហា​សេដ្ឋី​ពិភពលោក​បច្ចុប្បន្ននេះ​ លោក​ Jack​ Ma​ ទំនង​ជា​មានមោទនភាព​ជាងគេ​ក្នុងការដែល​ចេះធ្វើខ្លួនឱ្យ​ចេះរីករាយ​នឹងរបស់​តិចតួច ហើយ​អាចហែលឆ្លង​រឿងលំបាកៗ​ច្រើនទម្រាំ​នឹងក្លាយ​ជាអ្នកមាន​។​ ក្នុង​ខែកញ្ញា​ឆ្នាំ២០១៦​នេះ​ លោក​ Jack Ma ​មានអាយុ​៥២ឆ្នាំ​ ហើយ​បច្ចុប្បន្ន​នេះលោកមានទ្រព្យសម្បត្តិ​សរុប២៧.៩​ពាន់លានដុល្លា​រ។ ប៉ុន្តែ​បើមើល​ត្រឡប់ថយ​ក្រោយវិញ​ មុន​នឹងចាប់ផ្តើម​ជីវិតជាសហគ្រិន​ លោក​ Jack Ma​ គឺជា​គ្រូបង្រៀន​ភាសា​អង់គ្លេសមួយរូប​ដែលរកប្រាក់​ចំណូលបាន​១២ដុល្លារ​ក្នុងមួយខែ​។

គេពិបាក​ជឿណាស់ថា​ជោគជ័យ​ក្នុងជីវិត​លោក​ Jack Ma​ អាចមា​នដូចសព្វ​ថ្ងៃនេះ​ ក្រោយពីជួបបរាជ័យ​ជាច្រើនលើក​។​ ខាងក្រោម​នេះ​ជាបរាជ័យធំៗ​ទាំង៧​ក្នុងជីវិត​របស់លោក​ Jack Ma​ និងរបៀប​ខ្លះដែលលោក​ដោះស្រាយ​៖

១. កុំបោះបង់ចោលក្រោយពីប្រឡងធ្លាក់ជាច្រើនលើកនៅសាលា

លោក​ Jack Ma ​មិនមែនជាសិស្ស​ដែលល្អទេកាលនៅរៀន​។​ លោក​ប្រឡងធ្លាក់​កម្រិតបឋមសិក្សា​ពីរដង​ ប្រឡងធ្លាក់ថ្នាក់​មធ្យមសិក្សាបីដង​ ប្រឡង​ចូលរៀន​មហាវិទ្យាល័យ​ធ្លាក់ពីរ​ដង។

២. ពេលប្រឡង​ចូលមហាវិទ្យាល័យ​ទទួល​បានពិន្ទុ​១លើ១២០​ក្នុង​មុខវិជ្ជា​គណិត

បរាជ័យ​ជារឿងមួយ។​ ហើយការ​ទទួលបាន​ពិន្ទុមិនដល់១​ភាគរយផងក្នុង​ពេល​ប្រឡងចូលមហាវិទ្យាល័យ​គឺជារឿងមួយផ្សេងទៀត​។ សូម្បី​តែរ​ហូតមកដល់​សព្វថ្ងៃនេះក៏លោក​ Jack Ma ​នៅតែ​ជួបបញ្ហាលំបាក​ក្នុងប្រើប្រាស់​គណិតវិទ្យា​ដែរ។

៣. មិនរាថយក្រោយពីសកលវិទ្យាល័យ Harvard មិនព្រមទទួលយក១០ដង

រឿង​ដែលសកលវិទ្យាល័យ​ Harvard ​ច្រាន​ចោល​មិនព្រមទទួល​យកជា​សិស្សទាំង​១០លើកនោះមិនសូវ​មានអ្វីភ្ញាក់ផ្អើលទេ​ ប៉ុន្តែអ្វី​ដែលគួរឱ្យ​ឆ្ងល់នោះ​គឺរឿង​ដែលលោក ​Jack Ma ​ទៅរវល់​ដាក់ពាក្យរហូត​ដល់១០លើក​។ ចំណុច​នេះឆ្លុះបញ្ជាំង​ថា​លោក Jack ​Ma​ ជាមនុស្ស​ដែលតស៊ូ​មិនព្រមចាញ់​។

៤. រស់​ក្នុងសុទិដ្ឋិនិយម​ក្រោយ​ពេលដាក់ពាក្យ​ធ្វើការធ្លាក់​៣០លើក

ក្រោយពេល​ចេញពីមហា​វិទ្យាល័យ ​លោក ​Jack Ma​ បានដាក់ពាក្យ​រក​ការងារធ្វើ៣០​កន្លែង​ផ្សេងគ្នា​ ហើយ​ក៏គ្មានកន្លែង​ណាមួយ​ព្រមទទួលយក​ទៅ​ធ្វើការ​ដែរ​។​ ប៉ុន្តែលោក​យកគំរូ​តាមតួ​អង្គ​ក្នុងរឿង​ Forrest Gump ​ដែលជួប​តែរឿងមិនល្អ​ក្នុងជីវិត​ហើយតែង​និយាយថា​ថ្ងៃនេះ​ឃោរឃៅ​ ថ្ងៃស្អែក​កាន់​តែឃោរឃៅ​ ហើយ​ថ្ងៃខាងស្អែក​នឹងល្អ​មិនខាន។

៥. ធ្លាក់សម្ភាសន៍ការងារនៅ KFC គួរឱ្យអាម៉ាស

ក្នុងចំណោម​បេក្ខជនដាក់ពាក្យ​ទៅធ្វើការនៅ​ភោជនីយដ្ឋាន KFC ចំនួន​២៤នាក់​ មានតែលោក ​Jack Ma​ ម្នាក់គត់​ដែល​ធ្លាក់​ ក្រៅពីនោះ​២៣​នាក់​ទៀតទទួល​បានការងារ​ធ្វើ​នៅ KFC។

៦. មិនអាចទាក់ទាញ Silicon Valley ឱ្យផ្តល់មូលនិធិសម្រាប់ Alibaba បាន

បើ​ទោះបីបង្កើតក្រុមហ៊ុន​ Alibaba ​បានហើយ​ ក៏លោក ​Jack Ma ​នៅ​ជួបបរាជ័យ​ជាច្រើនទៀត។​ ក្នុងបី​ឆ្នាំដំបូង​មិនបានចំណេញ​អ្វីទេ​ ហើយ​នៅ​ពេលដែល​បង្កើត​បាន១៨​ ក្រុមហ៊ុន​នោះ​ស្ទើរ​តែខ្ស័យធន​រលំ​ទៀត។

៧. លោកប្រាប់ដៃគូជំនួញមិនឱ្យឡើងធ្វើអគ្គនាយកប្រតិបត្តិ

នៅ​ក្នុងការសម្រេចចិត្ត​អាក្រក់បំ​ផុតមួយនោះ​ លោក Jack Ma​ បានប្រាប់​ដៃគូទាំង១៨​នាក់របស់លោកថា​គ្មាននរណាម្នាក់​អាចឡើងផុតពី​ដំណែងជា​អ្នកគ្រប់គ្រងបានទេ​ ព្រោះលោក​មានផែនការ​ជួលមនុស្សពី​ខាងក្រៅ​មកធ្វើ​ជា​អ្ន​កដឹកនាំ។​ ក្រោយពី​បានជោគជ័យ​ក្នុងជីវិត​ហើយទើបលោក​ Jack Ma​ សារភាពថា​តាមពិត​យើងត្រូវតែ​ធ្វើឱ្យក្រុមការងារ​មានតម្លៃ ​កម្លាំងចិត្ត​ និង​ទស្សនវិស័យ៕

ប្រែសម្រួល ៖ វេហា

ប្រភព ៖ Entrepreneur