អាហារ​បំប៉ន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​រំលង​មិនបាន ពេល​ទារក​កំពុង​លូតលាស់ – Kalib9 ចែកចាយ | Kalib9
kalib9

អាហារ​បំប៉ន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​រំលង​មិនបាន ពេល​ទារក​កំពុង​លូតលាស់

នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ទាំងឡាយ​មិនគួរ​ទទួលទាន​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​តែ​ខ្លួនឯង​នោះទេ គឺ​ត្រូវ​គិតគូ​ទៅដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ​ផងដែរ។ អាហារ​ដែល​ល្អ​សម្រាប់​ម្តាយ និង​ទារក ចាំបាច់​ត្រូវតែមាន​ជីវៈជាតិ​ចម្រុះ រួមទាំង​វីតាមីន ប្រូតេអ៊ីន ខ្លាញ់​លីពីត និង​គ្លុយស៊ីត​ផងដែរ។

ជាពិសេស​ស្ត្រី គួរ​ទទួលទាន​អាហារ​ទាំងនេះ​ក្នុង​ដំណាក់​ការ​ទារក​កំពុងតែ​លូតលាស់ ដើម្បី​ថែរក្សា​ទារក​ឲ្យ​មាន​សុខ​ភាពល្អ ហើយ​បង្កើន​ការផលិត​ទឹកដោះ​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​ពេល​ទារក​កើតមក។

អាហារ​ដែល​ស្ត្រី​គួរ​បរិភោគ​ពេល​ទារក​កំពុងតែ​លូតលាស់​មាន​ពីរ​ប្រភេទ៖

១.ប្រភេទ​អាហារ​ផ្តល់​ថាមពល

អ្នក​គួរតែ​ទទួលទាន​ស៊ុត​ស្ងោរ ទឹកដោះគោ ត្រី សាច់សត្វ ថ្លើម​សត្វ និង​សណ្តែក….។ ចំពោះ​ស៊ុត អ្នក​អាច​ទទួលទាន១ទៅ២គ្រាប់ ទឹ​ដោះ​គោ ១ទៅ២កែវ រីឯ​ត្រី សាច់ ថ្លើម ឬ​ពពួក​សណ្តែក ប្រសិនបើ​ចម្អិន អ្នក​គួរតែ​ប្រើ​ប្រេង​រុក្ខជាតិ ដើម្បី​កាត់បន្ថយ​ហានិភ័យផ្សេងៗដោយសារតែ​រាងកាយ​ស្រូបយក​កាឡូរី​លើស​កម្រិត ។

២.ប្រភេទ​អាហារ​សរីរាង្គ

នេះ​សំដៅ​ទៅលើ​អាហារ​ធម្មជាតិ​ដូចជា គ្រប់​បន្លែ​ពណ៌​បៃតង ប៉េង​បោះ ល្ពៅ ការ៉ុត ចេក ក្រូច ល្ហុង ត្របែក ស្វាយ​ទុំ…។ អាហារ​ទាំងនេះ សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែល​អាចជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បានល្អ ការពារ​បញ្ហា​ទល់លាមក។

ទាំងអស់នេះ គឺជា​អាហារ​បំប៉ន​ដ៏​ចាំបាច់​បំផុត ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ខកខាន​មិនបាន​ឡើយ ជាពិសេស​ក្នុងដំណាក់កាល​ទារ​កំពុងតែ​លូតលាស់៕

ប្រភព babyandmom.asia