kalib9

ពេលវេលា គឺ​ជា​មាសប្រាក់ ជីវិតត្រូវដើរតំណារពេលវេលា

គេ​តែង​និយាយ​ថា «ពេលវេលា គឺ​ជា​មាសប្រាក់» តាម​ពិត ពាក្យ​និយាយ​នេះ មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ ព្រោះ​ថា​ មាស​ប្រាក់​ដែល​បាត់​បង់​ទៅ ជួន​កាល​អាច​រក​មក​វិញ​បាន តែ​ពេល​វេលា​ដែល​កន្លង​ទៅ មិន​អាច​ត្រឡប់​មកវិញ​បាន​ទេ។ ដូច្នេះ តម្លៃ​នៃ​ពេល​វេលា មិន​អាច​រក​របស់​ខាង​ក្រៅ​ខ្លួន​ណា​មួយ​មក​វាស់​វែង​បាន​ឡើយ។

បើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ មាន​តែ​ជីវិត​ប៉ុណ្ណោះ ដែល​អាច​វាស់​វែង​ទៅ​នឹង​ពេល​វេលា​បាន ព្រោះ​ថា ជីវិត​ក៏​ជា​របស់​ដែលបាត់​បង់​ហើយ មិន​អាច​ត្រឡប់​មក​វិញ​បាន​ដូច​ជា​ពេល​វេលា​ដែរ។

តាម​ន័យ​នៃ​បរមត្ថធម៌ (ព្រះធម៌) ពេល​វេលា​ ជារបស់​ដែល​មិន​មាន​ដោយ​សភាវៈ ត្រឹម​ត្រូវ​ ជា​ការ​បញ្ញត្តិ និង​កំណត់​ចំណាំ​ឲ្យ​ដឹង​គ្នា​តែ​ប៉ុណ្ណោះ ឯ​របស់​ដែល​មាន​ពិត គឺ​ការ​កើត​ និង​ការ​រលត់​ទៅ ​នៃ​តួជីវិត​នេះឯង បើ​មិន​មាន​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះទេ ក៏​មិន​មាន​ការ​បញ្ញត្តិ ​ឬ​កំណត់​ចំណាំ​ពេល​វេលា​សម្រាប់​ហៅ​ដែរ។

ពេល​វេលា​កន្លង​ទៅ​មួយ​ថ្ងៃ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ថ្ងៃ ពេល​វេលា​កន្លង​ទៅ​មួយ​ខែ ជីវិត​ក៏​ត្រូវ​បាត់​បង់អស់​មួយ​ខែ ពេល​វេលា​កន្លង​ទៅ​មួយ​ឆ្នាំ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ឆ្នាំ ពេល​វេលា​កន្លង​ទៅ​ច្រើន​ប៉ុណ្ណា ជីវិត​ក៏ត្រូវ​បាត់​បង់​ទៅ​ច្រើន​ប៉ុណ្ណោះ ព្រោះហេតុ​ដូច្នោះ មិន​គួរ​ទុក​ដាក់​ពេល​វេលា​ស្មើ​ត្រឹម​តែ​មាស​ប្រាក់​ឡើយ។

យើង​អាច​និយាយ​បាន​ថា ពេលវេលា គឺ​ជា​អាយុជីវិត, ដូច្នេះទើប​ពេលវេលា​មាន​តម្លៃ​សម្រាប់​បំពេញ​កិច្ចការ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​រក​មាស​ប្រាក់ ព្រោះ​ជីវិត​នេះ​មិន​មែន​អស់​នូវ​ទុក្ខកង្វល់ ដោយ​គ្រាន់​តែ​មាន​មាស​ប្រាក់​សោះ​ឡើយ ប្រសិន​បើ​មាស​ប្រាក់ ពិត​ជា​អាច​ដោះ​ស្រាយ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង​បាន​មែន ម្ល៉េះ​សមពួក​អ្នក​មានទ្រព្យ​ច្រើន​លែង​ចេះ​ឈ្លោះ​ទាល់​ទែង​គ្នា សម្លាប់​គ្នា និង​ការ​ធ្វើ​អត្តឃាត​ទៅ​ហើយ។

សូម​ផ្ដាំ​មនុស្ស​គ្រប់​ជំនាន់​ថា យើង​អាច​ដាក់​កាល​វិភាគ​សម្រាប់​ធ្វើ​ការងារ​ផ្សេងៗ​បាន តែ​មិន​អាច​ដាក់​កាល​វិភាគ​សម្រាប់​ស្លាប់​បាន​ទេ បើ​ទុក​ជា​ចង់​ដាក់ ក៏​ដាក់មិន​ត្រូវ​ដែរ វៀរ​លែង​តែ​មនុស្ស​ធ្វើ​អត្តឃាត ដោយ​សេចក្ដី​ថា ទោះ​បីជា​យើង​រវល់​រហូត​គ្មាន​ពេល​ចូល​បង្គន់​ក៏​ដោយ តែ​មិន​អាច​រវល់​រហូត​ដល់​គ្មាន​ថ្ងៃ​ស្លាប់​នោះ​ទេ ។

អ្នក​ណា​ទុក​ពេល​វេលា​ស្មើនឹង​មាស​ប្រាក់ អ្នក​នោះ​ឈ្មោះ​ថា ទុក​ជីវិត​ខ្លួន​ឯង​ស្មើ​នឹង​មាស​ប្រាក់ ហើយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​មាស​ប្រាក់​រហូត ។ តាម​ពិត​ ជីវិត​នេះ​ថ្លៃ​ណាស់ មិន​មែន​មាន​តម្លៃ​ស្មើ​តែ​នឹង​មាស​ប្រាក់​ឡើយ ព្រោះ​ថា បើ​ទុក​ជា​មាន​នរណា​ម្នាក់​យក​លុយ​ច្រើន​ប៉ុណ្ណា​ក៏​មក​ទិញ​ជីវិត​យើង ៗ ពិត​ជា​មិន​ព្រម​លក់​ជា​ដាច់​ខាត៕

ដកស្រង់​ចេញ​​សៀវភៅ «ដំណើរជីវិត»

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.