kalib9

បាត់​បង់​ទំនុក​ចិត្តលើខ្លួនឯងមែនទេ ? គន្លឺះទាំង ៣ នេះប្រាកដជាអាចជួយអោយអ្នកដោះស្រាយបញ្ហាទាំងអស់នោះបាន

ពេល​ខ្លះ​មនុស្ស​ដឹង​ថា​​ ខ្លួន​ឯង​ជាប់​គាំង​​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី អាច​មក​ពី​អាការៈ​ភ័យខ្លាច អារម្មណ៍​ថា​គ្មាន​​ថាមពល ឬ​បាត់​បង់​ទំនុក​ចិត្ត។

ការ​ត្រូវ​ជាប់​គាំង​នៅ​ក្នុង​មុខ​ជំនួញ​អាច​មាន​គ្រោះថ្នាក់​ដល់​ជោគជ័យ​របស់​អ្នក ហើយ​ជាប់​គាំង​នៅ​​ក្នុង​ការ​ដឹកនាំ​នឹង​ធ្វើ​អោយ​ទន់ខ្សោយ​ឥទ្ធិពល​របស់​អ្នក​។ វា​ដូច​ជា​មន្ទិល​ក្នុង​ជំនឿ​លើ​ខ្លួន​ឯង ឬ​ខ្វះ​ជំនឿ​លើ​ខ្លួន​ឯង។ ពេល​ធ្លាក់​មក​ដល់​ដំណាក់កាល​នេះ​វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ឧបសគ្គ ហើយ​អ្នក​ចាប់​ផ្ដើម​បារម្ភ​ពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ​បន្ត។

ប្រសិន​បើ​អ្នក​កំពុង​ប្រឈម ឬ​ត្រូវ​ការ​មធ្យោបាយ​ដើម្បី​ដោះ​ខ្លួន​ចេញ​ពី​ការ​ជាប់​គាំង ខាង​ក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​ដែល​អ្នក​អាច​សាក​ល្បង​បាន.

១. ផ្ដោត​លើ​លទ្ធភាព​ដែល​អាច​សម្រេច​បាន​ជា​វិជ្ជមាន

ឫស​គល់​នៃ​អារម្មណ៍​ជាប់​គាំង​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​គិត​អវិជ្ជមាន។ ប្រសិន​បើ​អ្នក​តែង​បារម្ភ​ពី​​រឿង​ដែល​ការងារ​គ្រប់​យ៉ាង​អាច​នឹង​​ដើរ​ទៅ​ផ្លូវ​ខុស វា​ពិបាក​ដើម្បី​ពុះពា​អោយ​លឿន​ដើម្បី​សម្ដៅ​ទៅ​រក​លទ្ធផល​ល្អ​ណាស់។

ការ​គិត​ជា​វិជ្ជមាន​អាចជួយ​អ្នក​​អោយ​មាន​អារម្មណ៍​ថា​ អ្នក​នឹង​មិន​ដួល​រលំ​។​ អ្នក​តែ​ម្នាក់​គត់​ដែល​អាច​ជ្រើស​រើស​បាន​ថា​តើ​ត្រូវ​គិត​អវិជ្ជមាន ឬ​គិត​ជា​វិជ្ជមាន និង​ធ្វើ​សកម្មភាព​វិជ្ជមាន។ មនុស្ស​តែង​តែ​មាន​ជម្រើស​ជានិច្ច។

២. កុំ​វាយ​តម្លៃ​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​ចង់​មាន​លទ្ធភាព​ឆ្ពោះ​ទៅ​មុខ អ្នក​ត្រូវ​គេច​ចេញ​ពី​ការ​វាយ​តម្លៃ​ខ្លួន​ឯង។ នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​មិន​ត្រូវ​វិភាគ​លើ​អាកប្បកិរិយា​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ទុក​អោយ​ខ្លួន​អ្នក​រួច​ផុត​ពី​ការ​វាយ​តម្លៃ​ដែល​និយាយ​ថា អ្នក​មិន​ស័ក្ដិសម​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ។

អ្នក​ប្រហែល​ធ្លាប់​ព្យាយាម​រុល​ទៅ​មុខ​ដោយ​បង្ហាញ​ពី​ភាព​ឥត​ខ្ចោះ​ដោយ​សង្ឃឹម​ថា នឹង​ស័ក្ដិសម​ ហើយ​ត្រូវ​គេ​ទទួល​ស្គាល់ ប៉ុន្តែ​ការ​ព្យាយាម​ធ្វើ​អោយ​ឥត​ខ្ចោះ​មាន​ន័យ​ថា អ្នក​បែរ​ខ្នង​ដាក់​​ធាតុ​ពិត​នៃ​ខ្លួន​ឯង។​ សម្រស់​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ភាព​មាន​ខ្ចោះ​របស់​អ្នក។ ពេល​ដែល​អ្នក​​សរសើរ​​ការ​ពិត​នេះ ហើយ​រៀន​ទទួល​ស្គាល់​ខ្លួន​អ្នក ពី​ភាព​ឆ្គាំឆ្គង និង​អ្វី​គ្រប់​យ៉ាង អ្នក​នឹង​អាច​បោះ​ជំហាន​ដ៏​សំខាន់​ដើម្បី​ឆ្ពោះ​ទៅ​មុខ។ អ្នក​មិន​ចាំ​បាច់​លាក់​បាំង មិន​ចាំ​បាច់​វាយ​តម្លៃ​ ឬ​រិះគន់​ខ្លួន​ឯង​ទេ។ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ជោគជ័យ អ្នក​ត្រូវ​តែ​ចង​ចាំ​ថា អ្នក​ពិត​ជា​មនុស្ស​មាន​ភាព​ឆ្គាំឆ្គង​យ៉ាង​ឥតខ្ចោះ​តាម​ធម្មជាតិ​របស់​អ្នក បន្ទាប់​មក​ចេញ​សកម្មភាព ហើយ​ធ្វើ​អ្វី​ដែល​អ្នក​​និយាយ​ថា​អ្នក​នឹង​ធ្វើ។

៣. ឈប់​វាយប្រហារ​ខ្លួន​ឯង

ផ្ដល់​សម្ពាធ​លើ​ខ្លួន​ឯង​ខ្លាំង​ពេក​មិន​អាច​ជួយ​អ្នក​អោយ​ដក​ខ្លួន​ចេញ​ពី​ការ​ជាប់​គាំង​បាន​ទេ។ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ជំរុញ​ការជាប់​គាំង​របស់​អ្នក​អោយ​ទៅ​ផុត​​មែន អ្នក​ត្រូវ​តែ​ចង​ចាំ​ថា អ្នក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​ទំនួល​ខុស​ត្រូវ​លើ​ជោគជ័យ​របស់​អ្នក ហើយ​លើក​ទឹក​ចិត្ត​ខ្លួន​អ្នក​ ដូច​ជា​អ្នក​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ដែរ។ កុំ​ចំណាយ​ពេល​ឥត​ប្រយោជន៍​វាយ​ប្រហារ​ខ្លួន​ឯង ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​ជីវិត​របស់​អ្នក​​គឺ​ជា​កម្មសិទ្ធិ​របស់​អ្នក។

អ្នក​ជា​អ្នក​គ្រប់គ្រង​អនាគត​របស់​អ្នក អ្នក​អាច​បោះ​ជំហាន​ឆ្ពោះ​ទៅ​អ្វី​​​ដែល​អ្នក​ចង់បាន ឬ​អ្នក​អាច​នៅ​កន្លែង​​ដែល​អ្នក​នៅ​ស្រាប់​ហើយ។ ទាំង​នេះ​គឺ​ជម្រើស​របស់​អ្នក។

មិន​មាន​ការ​លូតលាស់​​ណា​​កើត​ឡើង​ដោយ​គ្មាន​សកម្មភាព​ទេ សូម្បី​តែ​ជំហាន​ដ៏​តូច​មួយ ហើយ​ជំហាន​នោះ​ត្រូវ​តែ​ចេញ​មក​​ពី​អ្នក។ ពេល​ដែល​អ្នក​បាន​ចាប់​ផ្ដើម​ហើយ ជំហាន​ក្រោយៗ​មក​ទៀត កាន់​តែ​ងាយទៅៗ រហូត​ដល់​ពេល​មួយ​ដែល​អ្វី​ធ្លាប់​មិន​អាច​សម្រេច​បាន​ពី​មុន​ ក្លា​យទៅ​ជា​ការពិត៕

ប្រែសម្រួល. សិដ្ឋ

ប្រភព. Entrepreneur